(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានឃាត់ខ្លួននារីម្នាក់ អាយុ១៩ឆ្នាំ ពាក់ព័ន្ធករណីប្រើប្រាស់ពាក្យសម្ដីអសុរោះ និងជេរប្រមាថវីរកងទ័ព តាមរយៈការផ្សាយវីដេអូផ្ទាល់នៅលើបណ្ដាញសង្គម BIGO Live កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ ដោយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ ដឹកនាំដោយលោកវរសេនីយ៍ទោ ជីន សុភាព នាយការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ និងមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងទទួលផែនការងារសន្តិសុខ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នារីរូបនេះបានផ្សាយវីដេអូផ្ទាល់តាម BIGO Live ដោយប្រើពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថទៅលើកងទ័ព។ ក្រោយមក ជនសង្ស័យត្រូវបានរាយការណ៍ថា បានរត់គេចទៅស្នាក់នៅក្នុងខេត្តបន្ទាយមានជ័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាព និងទទួលស្គាល់ថា ខ្លួនពិតជាបានប្រើពាក្យសម្ដីមិនសមរម្យ និងជេរប្រមាថវីរកងទ័ពប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យ កំពុងត្រូវបានកម្លាំងជំនាញសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

