(កំពង់ស្ពឺ)៖ បុរសម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកភ្នំស្រួច ស្រាវជ្រាវឃាត់ខ្លួនបាន បន្ទាប់ពីធ្វើសកម្មភាពយកដែកមូលប្រវែង ៦ម៉ែត្រ ចំនួន ២ដើម ដាក់ទទឹងលើផ្លូវល្បឿនលឿន នៅចន្លោះគីឡូម៉ែត្រ PK54-55 ស្ថិតក្នុងភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឱ្យអ្នកដំណើរមានការភ័យព្រួយ។
តាមការបញ្ជាក់របស់លោកវរសេនីយ៍ទោ ជុន ចន្ទដេត អធិការនគរបាលស្រុកភ្នំស្រួច ជនសង្ស័យឈ្មោះ សេង សុខ ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិក្រាំងពោធិ៍ ឃុំអូរ ស្រុកភ្នំស្រួច បានលួចដែកមូលប្រវែង ៦ម៉ែត្រ ចំនួន ២ដើម ពីក្នុងចម្ការមួយកន្លែងក្នុងឃុំអូរ។
ក្រោយពីលួចបាន ជនសង្ស័យបានដើរឡើងទៅលើផ្លូវល្បឿនលឿន ក្នុងទិសដៅពីលិចទៅកើត រួចយកដែកទាំង ២ដើម ទៅដាក់ទទឹងកណ្ដាលផ្លូវ។ នៅពេលមានរថយន្តធ្វើដំណើរមកដល់ អ្នកបើកបរបានព្យាយាមគេច បណ្ដាលឱ្យរថយន្ត Toyota Prius ពណ៌ស ផ្លាកលេខ សៀមរាប 2D-2010 រងការខូចខាតផ្នែកខាងមុខ ប៉ុន្តែមិនបណ្ដាលឱ្យមានមនុស្សរងរបួសឡើយ។
ករណីនេះបានកើតឡើងនៅយប់ថ្ងៃទី១ ខែតុលា ឆ្នាំ២០២៦ ហើយត្រូវបានរាយការណ៍តាមពាក្យបណ្ដឹងរបស់លោក ឆេង រដ្ឋា ភេទប្រុស អាយុ ៣៩ឆ្នាំ។
ក្រោយទទួលបានព័ត៌មាន កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច សហការជាមួយកម្លាំងប្រចាំការលើផ្លូវល្បឿនលឿន និងអនុវត្តតាមការបញ្ជាដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបើកការស្រាវជ្រាវជាបន្ទាន់ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យបាន។
បច្ចុប្បន្ន ជនសង្ស័យ រួមនឹងវត្ថុតាងដែកចំនួន ២ដើម ត្រូវបាននាំមកកាន់អធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដើម្បីកសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕

