(កំពង់ចាម)៖ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុក-ក្រុងទាំង១០ ក្នុងខេត្តកំពង់ចាម បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងពេលចុះល្បាតចល័តតាមភូមិសាស្ត្រងាយរងគ្រោះ ដោយសង្ស័យថាជាមុខសញ្ញាប៉ុនប៉ងលួច និងលួចមានស្ថានទម្ងន់ទោសដោយប្រើប្រាស់អាវុធ ព្រមទាំងមានមុខសញ្ញាមួយចំនួនជាប់ពាក់ព័ន្ធនឹងដីកាបង្គាប់ឱ្យចាប់ខ្លួនពីបទលួចកន្លងមក។
ប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការចង្អុលដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម ក្នុងគោលបំណងបង្កើនការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងមូលដ្ឋាន។
ក្នុងពេលចុះប្រតិបត្តិការល្បាត កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកចំការលើ និងស្រុកព្រៃឈរ បានប្រទះឃើញជនសង្ស័យដែលសង្ស័យថាជាមុខសញ្ញាប្រព្រឹត្តបទល្មើសលួច និងមានដីកាបង្គាប់ឱ្យចាប់ខ្លួន។ ជាលទ្ធផល កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងនោះ ស្រុកចំការលើ ២នាក់ និងស្រុកព្រៃឈរ ១នាក់ យកមកសាកសួរនៅអធិការដ្ឋាននគរបាល។
តាមការសាកសួរ សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង ៣នាក់ បានសារភាពថា ខ្លួនធ្លាប់រៀបចំគម្រោងប៉ុនប៉ងលួច និងធ្លាប់ធ្វើសកម្មភាពលួចម៉ូតូ ព្រមទាំងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋកន្លងមក។
បច្ចុប្បន្ន ជនសង្ស័យទាំង ៣នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តការស្រាវជ្រាវ ស៊ើបអង្កេត និងកសាងសំណុំរឿង បញ្ជូនទៅស្ថាប័នអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចាត់ការតាមនីតិវិធីច្បាប់ ដោយមានការសម្របសម្រួលពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ទោ ហេង វុទ្ធី បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការផ្តល់ព័ត៌មានជូនសមត្ថកិច្ចឱ្យបានឆាប់រហ័ស ប្រសិនបើមានការសង្ស័យ ឬប្រទះឃើញសកម្មភាពដែលអាចបង្កជាបទល្មើសក្នុងមូលដ្ឋាន។ ប្រជាពលរដ្ឋក៏ត្រូវបង្កើនការប្រុងប្រយ័ត្ន និងថែរក្សាការពារទ្រព្យសម្បត្តិផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីចូលរួមទប់ស្កាត់បទល្មើស និងរក្សាសន្តិសុខក្នុងសហគមន៍៕

