(ត្បូងឃ្មុំ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានចុះបង្ក្រាបទីតាំងអាជីវកម្មលក់ម៉ូតូ YAMAHA PG-1 ដែលសង្ស័យពាក់ព័ន្ធនឹងការនាំចូលខុសច្បាប់ចំនួន ៥ទីតាំង នៅក្រុងសួង និងស្រុកមេមត់ ដោយដកហូតម៉ូតូបានសរុប ៩គ្រឿង។
ប្រតិបត្តិការនេះបានធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ចិន នី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ និងមានការសម្របសម្រួលនីតិវិធីពីលោក កែវ ភក្តី និងលោក សួន ទី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំ។
ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ៥កន្លែង ក្នុងនោះ ២ទីតាំងនៅក្រុងសួង និង ៣ទីតាំងនៅស្រុកមេមត់ ហើយបានដកហូតម៉ូតូម៉ាក YAMAHA PG-1 ចំនួន ៩គ្រឿង។
ម៉ូតូដែលដកហូតបាន ត្រូវបានបញ្ជូនទៅរក្សាទុកជាបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដើម្បីបន្តនីតិវិធី និងកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ចំពោះអ្នកពាក់ព័ន្ធ។
តាមសមត្ថកិច្ច ប្រតិបត្តិការនេះធ្វើឡើងបន្ទាប់ពីទទួលបានបណ្តឹងផ្លូវការពីក្រុមហ៊ុន KSGI Cambodia Co., Ltd. ដែលត្រូវបានបញ្ជាក់ថា ជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយម៉ូតូម៉ាក YAMAHA នៅកម្ពុជា ពីក្រុមហ៊ុន YAMAHA HATSUDOKI KAISHA នៃប្រទេសជប៉ុន និងបានចុះបញ្ជីសិទ្ធិតាមច្បាប់។
ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ បានអំពាវនាវដល់អាជីវករដែលកំពុងដាក់តាំងលក់ ឬផ្សព្វផ្សាយលក់ម៉ូតូ YAMAHA PG-1 ម៉ូដែល YAMAHA ផ្សេងទៀត ឬម៉ូតូម៉ាកដទៃដែលនាំចូលខុសច្បាប់ សូមបញ្ឈប់សកម្មភាពជាបន្ទាន់ និងអនុវត្តតាមច្បាប់ជាធរមាន។
សមត្ថកិច្ចបញ្ជាក់ថា នឹងបន្តសហការជាមួយស្ថាប័នអយ្យការ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ បង្ក្រាប និងចាត់វិធានការតាមផ្លូវច្បាប់ចំពោះបុគ្គល និងទីតាំងដែលពាក់ព័ន្ធនឹងបទល្មើសបន្ថែមទៀត៕

