(ភ្នំពេញ)៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១៩៖៣៦នាទី លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ញ៉ែម វ៉ន នាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ១នាក់ ត្រង់ចំណុចវិហារឥស្លាម ផ្លូវលេខ៨៦ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ជនសង្ស័យ ពាក់ព័ន្ធនឹងករណីលួច (ម៉ូតូ) កាលពីថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ ត្រង់ចំណុចមុខផ្ទះលេខ២៩ ផ្លូវលេខ១៣៤ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យខាងលើឈ្មោះ មាស សំណាង ហៅ ណាង ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ។
សម្ភារៈដកហូត រួមមាន៖ ម៉ូតូ ១គ្រឿង ម៉ាកហុងដា ប៊ីត ពណ៌ខ្មៅ-ផ្កាឈូក ពាក់ស្លាកលេខ ភ្នំពេញ 1HN-7608។
បច្ចុប្បន្ន កម្លាំងជំនាញនាំជនសង្ស័យខាងលើយកមកនាយកដ្ឋាន ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី៕

