(ស្វាយរៀង)៖ កម្លាំងនគរបាល នៃស្នងការដ្ឋានគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលក្រុងបាវិត កាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ បានប្រដេញស្ទាក់ចាប់ និងបង្ក្រាបក្រុមចាប់ជំរិតទារប្រាក់ជាជនជាតិវៀតណាមចំនួន ៣នាក់ និងសង្គ្រោះបានជនរងគ្រោះម្នាក់មកវិញដោយសុវត្ថិភាព។
ប្រតិបត្តិការអន្តរាគមន៍បង្ក្រាបនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញទទួលបានព័ត៌មានពីប្រជាពលរដ្ឋពីករណីចាប់មនុស្សដាក់ក្នុងរថយន្តដើម្បីជំរិតទារប្រាក់ នៅត្រង់ចំណុចផ្លូវកំពង់ស្ពាន ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។
តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត ចុះធ្វើការស្រាវជ្រាវ ស៊ើបអង្កេត តាមវិធានការជំនាញ ភ្លាមនោះ ក៏ឃើញក្រុមជនសង្ស័យកំពុងបើករថយន្តគេចខ្លួន សមត្ថកិច្ចបានដេញតាម និងស្ទាក់តាមគោលដៅប្រទាក់ក្រឡា ពេលនោះក្រុមជនសង្ស័យបានទម្លាក់ជនរងគ្រោះជាជនជាតិវៀតណាមចោលតាមផ្លូវ និងបានចេញពីរថយន្ត រួចរត់ចូលវាលស្រែ សមត្ថកិច្ចក៏បានរត់ដេញតាមចាប់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន ៣នាក់។
ក្នុងប្រតិបត្តិការបង្ក្រាប កម្លាំងជំនាញបានដកហូតវត្ថុតាងមួយចំនួនមានដូចជា រថយន្តម៉ាក Toyota Prius ពណ៌ក្រហម (រថយន្តធ្វើសកម្មភាព) ០១គ្រឿង, កាំបិតធ្វើសកម្មភាព ៣ដើម, ទូរស័ព្ទដៃ ២គ្រឿង និងសម្ភារប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីច្បាប់៕

